កាលបរិច្ឆេទ: ១០ កុម្ភៈ ២០២៥ / កសិកម្ម / Author : ATH Sokren
កាលពីថ្ងៃទី៣១ ខែមករា គណៈកម្មាធិការប្រតិបត្តិនៃក្រុមហ៊ុន PPM-Confirel បានជួបប្រជុំគ្នាដើម្បីបង្ហាញរបាយការណ៍ការងារប្រចាំឆ្នាំ ២០២៤ និងផែនការឆ្នាំ ២០២៥ ដែលកិច្ចប្រជុំនេះបានធ្វើឡើងនៅតាមផ្លូវទៅខេត្តរតនគិរី។ សមាជិកប្រមាណជាងសាមសិបនាក់នៃថ្នាក់ដឹកនាំ PPM-Confirel បានឡើងរថយន្តក្រុងដ៏ធំមួយសម្រាប់ការធ្វើដំណើរនេះ ដោយចាកចេញពីទីក្រុងភ្នំពេញតាំងពីព្រលឹម។ ក្នុងអំឡុងពេលធ្វើដំណើរ នាយកដ្ឋានមិនមែនពាណិជ្ជកម្មប្រហែលដប់ក្រុមបានធ្វើបទបង្ហាញពីសកម្មភាពការងាររបស់ពួកគេ។
បើកកិច្ចប្រជុំនៅលើរថយន្តក្រុង លោកឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុន PPM-Confirel Group បានមានប្រសាសន៍ថា បើទោះបីជាមានការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះក៏ដោយ ក៏នាឡិកានៅតែមិនផ្លាស់ប្តូរពេលវេលានោះទេ គឺវានៅតែមាន ២៤ ម៉ោងដដែលក្នុងមួយថ្ងៃ និង ៣៦៥ ថ្ងៃក្នុងមួយឆ្នាំ។ លោកឱសថបណ្ឌិតបញ្ជាក់ដោយសុទិដ្ឋិនិយមថា ទោះបីជាស្ថានភាពសេដ្ឋកិច្ចនៅឆ្នាំ ២០២៤ មិនអំណោយផលសម្រាប់មនុស្សគ្រប់គ្នាក៏ដោយ ក៏ប៉ុន្តែ PPM និង Confirel បានបញ្ចប់ឆ្នាំនេះដោយគ្មានបញ្ហាអ្វីធំដុំទេ។ នេះគឺដោយសារតែយើងប្រយ័ត្នប្រយែង មានភាពច្បាស់លាស់ក្នុងដំណើរការរបស់យើង។ លោកបានបញ្ជាក់បន្ថែមថា៖ «យើងបានរៀបចំផែនការបានមុន ជាហេតុធ្វើឱ្យយើងចៀសផុតពីបញ្ហាដែលក្រុមហ៊ុនដទៃទៀតបានជួបប្រទះ។ អស់រយៈពេលជាច្រើនទស្សវត្សរ៍មកហើយ សេដ្ឋកិច្ចរបស់យើងមិនមែនពឹកផ្អែកទៅលើផលិតកម្ម និងការច្នៃប្រឌិតនោះទេ គឺពឹងតែទៅលើការជួញដូរ និងការធ្វើពាណិជ្ជកម្មដើម្បីទទួលបានប្រាក់ចំណេញ ដែលជាមូលហេតុធ្វើឱ្យសេដ្ឋកិច្ចរបស់យើងខ្វះអុកស៊ីហ្សែនដូចសព្វថ្ងៃនេះ»។
យោងតាមតួលេខពីផ្នែកលក់របស់ PPM ក្នុងស្រុក និងនាំចេញបានបង្ហាញថា ការលក់ផលិតផលរបស់ PPM បន្តទទួលបានកំណើនគួរឱ្យកត់សម្គាល់នៅឆ្នាំ២០២៤។ លើសពីនេះទៀតសម្រាប់ទីផ្សារនាំចេញ PPM បានផ្លាស់ប្តូរចំណាត់ថ្នាក់របស់ខ្លួនពីលេខ ១៦ មកចំណាត់ថ្នាក់លេខ ១៥ ក្នុងចំណោមក្រុមហ៊ុនផលិតឱសថធំៗជាង ៦០០ នៅក្នុងទីផ្សារអាហ្រ្វិក។
រីឯផ្នែកលក់របស់ Confirel ក៏បានបង្ហាញពីការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ ដោយសារតែគុណភាពផលិតផល និងការច្នៃប្រឌិតផលិតផលថ្មីៗរបស់ខ្លួន រួមមានម្រេចកំពត ស្ករត្នោត ម្សៅប្រហុក និងផលិតផលផ្សេងៗទៀត។ បន្ទាប់ពីកិច្ចប្រជុំដ៏យូរដែលបានបញ្ចប់ជិតពាក់កណ្តាលអធ្រាត្រនៅថ្ងៃដំបូង ស្អែកឡើងក្រុមការងារទាំងអស់ក៏មានឱកាសបានទៅទស្សនាចម្ការ Confirel ក្នុងខេត្តរតនគិរីផងដែរ។ ពួកគេក៏បានចែករំលែកពេលវេលាជាមួយសហគមន៍កសិករ ដោយបានចែកថ្នាំ និងអំណោយតូចៗជូនដល់កុមារក្នុងភូមិ៕